ដើម្បីចូលរួមអបអរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលនឹងខិតជិតមកដល់ឆាប់ៗខាងមុខនេះ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានរៀបចំព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» ដ៏ធំសម្បើមជាលើកដំបូង ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ ខណៈក្នុងនោះ តំបន់ផ្សារទួលទំពូង និងផ្លូវ១៥៥ ក៏ត្រូវបានជ្រើសរើសជាទីតាំងសម្រាប់ការរៀបចំព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» ផងដែរ។
គណៈកម្មរៀបចំក៏បានពង្រីកទីតាំងទៅកាន់ភូមិសាស្ត្រសំខាន់ៗជាច្រើន រួមមាន វត្តភ្នំ, ផ្លូវថ្មើរជើងចតុមុខ, បរិវេណសួនច្បារវឌ្ឍនៈ ដល់ ផ្សាររាត្រី, សួនច្បារវត្តបទុមវតី, ផ្លូវបាសាក់, ផ្សារទួលទំពូង និងផ្លូវ១៥៥ ខណៈក៏ត្រូវបានជ្រើសរើសជាទីតាំងសម្រាប់ការរៀបចំព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» ផងដែរ ដែលបង្ហាញពីតំបន់សហគមន៍ និងពាណិជ្ជកម្ម ដើម្បីឲ្យប្រជាពលរដ្ឋអាចចូលរួមបានយ៉ាងច្រើនកុះករ។
គួរជម្រាបដែរថា នៅថ្ងៃទី១៩ ខែមីនានេះ ក្រុមការងារ ស.ស.យ.ក. បានរៀបចំពិធីសែនក្រុងពាលា ដើម្បីត្រៀមបើកដំណើរការតុបតែងលំអតាមដងផ្លូវ និងតំបន់នានា សម្រាប់ទទួលព្រឹត្តិការណ៍នេះ ដែលនៅសល់ពេលជាងប្រហែល ៣សប្តាហ៍ទៀតប៉ុណ្ណោះ។
ជាមួយគ្នានេះ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក៏បានឱ្យដឹងដែរថា ស.ស.យ.ក. គ្រោងនឹងរៀបចំកម្មវិធីអបអរសាទរបែបចូលឆ្នាំខ្មែនៅជំរុំជនភៀសសឹក នៅ ៣ទីតាំង ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ បន្ទាយមានជ័យ និងសៀមរាប រយៈពេល៣ថ្ងៃ ពីចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែមីនា។
ព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» ត្រូវបានរំពឹងថា នឹងក្លាយជាវេទិកាសំខាន់មួយក្នុងការលើកស្ទួយវប្បធម៌ប្រពៃណីជាតិ បង្កើនសកម្មភាពសង្គម និងជំរុញវិស័យទេសចរណ៍នៅក្នុង ភ្នំពេញ ឲ្យកាន់តែមានភាពរស់រវើកក្នុងឱកាសឆ្នាំថ្មីខាងមុខនេះ។

