ភ្នំពេញ៖ យោងតាមរបាយការណ៍ក្រសួងមហាផ្ទៃ ក្នុងសប្ដាហ៍ទី៣ ខែមីនា គិតមកត្រឹមថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ នគរបាលជាតិគ្រប់មូលដ្ឋាន បានបង្ក្រាបករណីល្បែងស៊ីសង ៥ករណី ឃាត់ខ្លួនមនុស្ស ២០នាក់ កសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ។
ករណីល្បែងស៊ីសងទាំងនោះ ធៀបទៅនឹងសប្ដាហ៍ទី២ បានថយចុះ១ករណី និង១៣នាក់។ តាមរបាយការណ៍ដដែល ករណីល្បែងស៊ីដែលសមត្ថកិច្ចបង្ក្រាបបាន មានក្នុងភូមិសាស្ត្រដូចជា រាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ ព្រះសីហនុ និងខេត្តឧត្តរមានជ័យ។
ក្នុងខែកុម្ភៈកន្លងទៅ សមត្ថកិច្ចនគរបាលជាតិ បានបង្ក្រាបករណីល្បែងស៊ីសងចំនួន ២៧ករណី ឃាត់ខ្លួនអ្នកពាក់ព័ន្ធ ៦៧នាក់ បញ្ជូនទៅតុលាការ ខណៈមួយចំនួនទៀតបានធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព។
លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានក្រើនរម្លឹកជាប្រចាំឱ្យអាជ្ញាធរមូលដ្ឋាន យកចិត្តទុកដាក់ស្រាវជ្រាវ និងបង្ក្រាបលើគ្រប់ករណីប្រព្រឹត្តល្បែងស៊ីសង រួមទាំងល្បែងភ្នាល់តាមអនឡាញដែលជ្រកពួនតាមសហគមន៍ពលរដ្ឋ៕

