កណ្តាល៖ កាលពីថ្ងៃអាទិត្យ ៣រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦នេះដោយទទួលបានការអនុញ្ញាពីលោក នូ សុវណ្ណរិទ្ធ អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធាន ស.ស.យ.ក ស្រុកអង្គស្នួល។ លោក ហ៊ល ផល្លី អភិបាលរងស្រុក និងជាអនុប្រធាន ស.ស.យ.ក ស្រុក បានដឹកនាំ ស.ស.យ.ក ឃុំក្រាំងម្កាក់ ស.ស.យ.ក វិទ្យាល័យ ហ៊ុន សែន អង្គស្នួល និង ស.ស.យ.ក វិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី សរុបវត្តមាន១០៥នាក់ ចូលរួមលេងល្បែងប្រជាប្រិយខ្មែរ នៅក្នុងកម្មវិធីសង្ក្រានឆ្នាំថ្មី ស្ថិតនៅវត្តភូមិថ្មី ឃុំបែកចាន។
ក្នុងនោះ លោកអភិបាលរង បានឧបត្ថម្ភដល់ អ្នកវាយក្អមឈ្នះ ចំនួន ៣នាក់ ម្នាក់ៗ ៣០,០០០៛ សរុប ៩០,០០០៛។
ជម្រាបផងថា មានល្បែងប្រជាប្រិយច្រើនជាអនេក ដែលប្រជាពលរដ្ឋទូទាំងប្រទេសនិយមលេងកម្សាន្តជុំគ្នាពេលទំនេរ ពេលមានពិធីបុណ្យទានតូច-ធំ ជាពិសេស គឺមានពិធីបុណ្យចូលឆ្នាំថ្មីតែម្តង។ ល្បែងប្រជាប្រិយចំនួន៥ ដែលពលរដ្ឋនិយមលេងកម្សាន្តជាងគេក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរក្នុងនោះមាន៖ ល្បែងដណ្តើមស្ទឹងឈើ វាយក្អម ចាប់កូនខ្លែង ព្រាតកូនក្រមុំ និងទាញព្រ័ត្រ។
សូមរំលឹកថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជំរុញឱ្យពលរដ្ឋខ្មែរទាំងអស់គ្នា រួមគ្នាលេងល្បែងប្រជាប្រិយ នៅក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខ ឱ្យបានផុសផុល និងគ្រប់ទីកន្លែងទូទាំងប្រទេស៕ដោយ៖ សិរី នាគ


