ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ ដោយកម្លាំងចម្រុះបានបង្ក្រាបទីតាំងចំនួន៩ ពាក់ព័ន្ធការលបលួចធ្វើអាជីវកម្មអនឡាញខុសច្បាប់ (Online Scams) ក្នុងនោះ មាន២ទីតាំង ជាកាស៊ីណូ និង៧ទីតាំង ជាប្រភេទផ្ទះល្វែង។
ប្រតិបត្តិការនេះ ធ្វើឡើងអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងការទទួលដឹកនាំតម្រង់ទិសយ៉ាងគត់ម៉ត់បំផុតពីលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដោយមាននាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិជាប្រតិបត្តិករដឹកនាំការអនុវត្តយ៉ាងយកចិត្តទុកដាក់។
ជាលទ្ធផលនៃប្រតិបត្តិការ កម្លាំងជំនាញ រកឃើញជនបរទេសសរុបចំនួន ៣១២នាក់ ស្រី៦១នាក់ មានចំនួន៥សញ្ជាតិ។ វត្ថុចាប់យក រួមមាន៖ កំព្យូទ័រលើតុ ALL IN ONE ចំនួន១៥០គ្រឿង, កុំព្យូទ័រយួរដៃ ចំនួន១គ្រឿង, MONITOR ចំនួន១គ្រឿង; ទូរស័ព្ទដៃចម្រុះម៉ាក ចំនួន៥០៥គ្រឿង, រថយន្ត ចំនួន៤គ្រឿង។
យោងតាមលទ្ធផល នៃការត្រួតពិនិត្យកំព្យូទ័រលើតុ និងកុំព្យូទ័រយួរដៃរបស់ជនសង្ស័យ រកឃើញមានសកម្មភាពពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។
បច្ចុប្បន្នកម្លាំងជំនាញកំពុងបន្តនីតិវិធី ដោយមេក្លោងត្រូវបានបញ្ជូនទៅតុលាការ ចំណែកជនបរទេសដទៃទៀតលួចស្នាក់នៅ និងធ្វើការខុសច្បាប់ក្នុងប្រទេសកម្ពុជា ត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីបណ្តេញចេញពីប្រទេសកម្ពុជា។
សូមបញ្ជាក់ថា គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា សម្រេចដកហូតអាជ្ញាបណ្ណកាស៊ីណូ ហ្គោដិនហ្គាឡាក់ស៊ីកាស៊ីណូ នៅក្រុងបាវិត នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ ក្រោយរកឃើញពាក់ព័ន្ធនឹងបទល្មើស Online Scams៕

