ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជា ជាប្រទេសដែលមានធនធានតិចតួច ការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅកម្ពុជា ត្រូវបានចាត់ទុកយ៉ាងទូលំទូលាយថា ជាភាពជោគជ័យដ៏គួរឱ្យកត់សម្គាល់ ទាំងក្នុងដំណាក់កាលទប់ស្កាត់យ៉ាងតឹងរ៉ឹង និងទាំងក្នុងដំណាក់កាលស្តារប្រទេសឡើងវិញ ។
ការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ខាងលើនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញធ្វើបទអន្តរាគមន៍ លើប្រធានបទទី២ ស្តីពី “ជំងឺឆ្លង” ជូនដល់អង្គពិធីនៃកិច្ចប្រជុំកំពូល ស្តីពីសុខភាពតែមួយ នៅសាធារណរដ្ឋបារាំង កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ ។
ក្នុងនោះ សម្តេចធិបតី បានកោតសរសើរយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋាភិបាលបារាំង ដែលបានធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលនេះ នាខណៈពេលដ៏សំខាន់មួយ សម្រាប់មនុស្សជាតិ និងភពផែនដីរបស់យើង ។
សម្តេចធិបតី មានប្រសាសន៍ថា “យើងទាំងអស់គ្នា នៅតែអាចចងចាំបាន ពីការផ្ទុះឡើងនៃជំងឺរាតត្បាតកូវីដ១៩ ពោះបីកម្ពុជា ជាប្រទេសដែលមានធនធានតិចតួច ការគ្រប់គ្រងការឆ្លងរាលនៃជំងឺកូវីដ១៩ នៅកម្ពុជា ត្រូវបានចាត់ទុកយ៉ាងទូលំទូលាយថា ជាភាពជោគជ័យដ៏គួរឱ្យកត់សម្គាល់ ទាំងក្នុងដំណាក់កាលទប់ស្កាត់យ៉ាងតឹងរ៉ឹង និងទាំងក្នុងដំណាក់កាលស្តារប្រទេសឡើងវិញ ដោយមានការចាក់វ៉ាក់សាំងបានទូលំទូលាយ”៕

