ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយមរដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសរង់ចាំស្វាគមន៍ ទស្សនកិច្ចផ្លូវរដ្ឋ របស់លោកប្រធានាធិបតីបារាំង មកកាន់ព្រះរាជាណាចក្រកម្ពុជា និងការចូលរួមក្នុងកិច្ចប្រជុំកំពូល បណ្តាប្រទេសនិយាយភាសាបារាំងលើកទី២០ (20th Francophonie Summit) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។
តាមរយៈបណ្តាញសង្គម នាថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណ ចំពោះលោកប្រធានាធិបតី Emmanuel Macron ចំពោះការស្វាគមន៍យ៉ាងកក់ក្តៅ និងកិច្ចពិភាក្សាការងារ ប្រកបដោយលទ្ធផលវិជ្ជមាន ដើម្បីពង្រឹងចំណងមិត្តភាពទ្វេរភាគី រវាងប្រទេសទាំងពីរ ជាពិសេសការរៀបចំតម្លើងកម្រិត នៃទំនាក់ទំនងរវាងកម្ពុជានិងបារាំងដល់កម្រិត “ភាពជាដៃគូរយុទ្ធសាស្ត្រ – Strategic Partnership” នៅពេលឆាប់ៗខាងមុខ។
សម្តេចធិបតី ថ្លែងថា «ខ្ញុំរង់ចាំស្វាគមន៍ទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តមប្រធានាធិបតីមកកាន់ព្រះរាជាណាចក្រកម្ពុជា និងការចូលរួមរបស់ឯកឧត្តមក្នុងកិច្ចប្រជុំកំពូល បណ្តាប្រទេសនិយាយភាសាបារាំងលើកទី២០ (20th Francophonie Summit) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខនេះ»។
គួរឱ្យដឹងថា ការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ខាងលើនេះ ធ្វើឡើងបន្ទាប់ពីសម្តេច និងលោកជំទាវបណ្ឌិត បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ធ្វើមាតុភូមិនិវត្តន៍វិញ ក្រោយបញ្ចប់បេសកកម្មដោយជោគជ័យ ក្នុងការចូលរួមកិច្ចប្រជុំកំពូល One Health Summit នៅទីក្រុងលីយ៉ុង និងទស្សនកិច្ចការងារ នៅទីក្រុងប៉ារីស នៃសាធារណរដ្ឋបារាំង ចាប់ពីថ្ងៃទី៦-៩ ខែមេសា ឆ្នាំ២០២៦៕


