កណ្តាល៖ ករណីចាប់ជំរឹតក្មេងស្រីអាយុ៥ឆ្នាំ ទារប្រាក់ពីឪពុកម្តាយ១ម៉ឺនដុល្លារ ពេលនេះក្មេងស្រីអាយុ ៥ឆ្នាំ ត្រូវបានឃាតកសម្លាប់ ខណៈឪពុកម្តាយរបស់ក្មេងរកប្រាក់មិនបាន។
ប៉ុន្តែជនដៃដល់ ឈ្មោះ គីម វណ្ណា អាយុ៣៥ឆ្នាំ ត្រូវបានកម្លាំងនគរបាលខេត្តកណ្តាល តាមចាប់ខ្លួនភ្លាមៗ។ ករណីនេះបានកើតឡើងនៅឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦។ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ សមត្ថកិច្ចនគរបាលកំពុងសួរនាំជនដៃដល់បន្តទៀត ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
សូមបញ្ជាក់ថា យោងតាមសាររបស់ជនដៃដល់ដែលបានផ្ញើជូនឪពុកម្តាយកុមារីរងគ្រោះ ដោយបានបង្ខំឲ្យពួកគេផ្ញើលុយចំនួន ១ម៉ឺនដុល្លារតាមវីងជូន ដោយទុកពេលត្រឹម ១ម៉ោង បើលើសម៉ោងកំណត់សូមរង់ចាំសពកូនស្រីចុះ ជាមួយសារព្រមានថា កុំប្រាប់រឿងនេះដល់នគរបាល និងអ្នកជិតខាង។
ក្រោយជួបហេតុការណ៍ដ៏រន្ធត់បែបនេះ ឪពុកម្តាយក្មេងស្រីរងគ្រោះបានប្តឹងទៅនគរបាលភ្លាមៗ ហើយកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ សហការជាមួយនគរបាលមូលដ្ឋានបើកប្រតិបត្តិការ និងឈានដល់ការចាប់ខ្លូនជនដៃដល់ តែអកុសលក្មេងស្រីរងគ្រោះត្រូវបានស្លាប់៕

