(កំពង់ចាម)៖ សមាជិកថ្មីគណបក្សប្រជាជនកម្ពុជា ចំនួន៣១០ នាក់ មកពីភូមិចំនួន៨ ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម ត្រូវបានរៀបចំពិធីប្រកាសបញ្ចូលជាផ្លូវការ ក្រោមអធិបតីភាព ឯកឧត្តម ស៊ុយ ជីហ៊ាង សមាជិកគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល អនុប្រធានក្រុមការងារគណបក្សចុះជួយស្រុកបាធាយ និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំតាំងក្រាំង នៅថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ២០២៦ ។
ក្នុងពិធីនេះ លោក អូត ឈាងលី ប្រធានគណៈកម្មាធិការគណបក្សស្រុកបាធាយ បានសម្តែងការស្វាគមន៍ និងអបអរសាទរចំពោះសមាជិកថ្មីទាំងអស់ ដែលបានសម្រេចចិត្តចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ដែលបានរួមចំណែកដឹកនាំ និងអភិវឌ្ឍប្រទេសជាតិជាបន្តបន្ទាប់។
ជាមួយគ្នានេះ ឯកឧត្តម ស៊ុយ ជីហ៊ាង បានលើកឡើងថា ការបញ្ចូលសមាជិកថ្មីកំពុងប្រព្រឹត្តទៅទូទាំងប្រទេស ដែលបង្ហាញពីការគាំទ្រ និងជំនឿជឿជាក់របស់ប្រជាពលរដ្ឋលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ធ្វើឲ្យមានការរីកចម្រើនលើគ្រប់វិស័យរបស់ប្រទេសជាតិ ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ប្រមុខថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្សកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ហើយសមាជិកថ្មីទាំង ៣១០ នាក់ ក៏បានធ្វើការប្តេជ្ញាចិត្ត ស្មោះត្រង់ និងចូលរួមអនុវត្តកិច្ចការមូលដ្ឋាន ដើម្បីរួមចំណែកដល់ជោគជ័យក្នុងការបោះឆ្នោត ពិសេសបន្តគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាគ្រប់ៗអាណត្តិនាពេលខាងមុខ៕


