នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន ដែលកំពុងប្រារព្ធធ្វើឡើងនៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន មេដឹកនាំអាស៊ាន បានបង្ហាញក្តីបារម្ភយ៉ាងខ្លាំង ចំពោះការបិទច្រកសមុទ្រហ័រមូស (Hormuz) ដែលបង្កឡើងដោយជម្លោះរវាងអាមេរិក និងអ៊ីរ៉ង់។
យោងតាម Jakarta Globe ចុះផ្សាយថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ លោក Ferdinand Marcos Jr. ប្រធានាធិបតីហ្វីលីពីន ក្នុងនាមជាប្រធានអាស៊ាន បានសង្កត់ធ្ងន់ថា ការរអាក់រអួល នៃចរាចរណ៍តាមច្រកសមុទ្រដ៏សំខាន់មួយនេះ មិនត្រឹមតែប៉ះពាល់ដល់តម្លៃប្រេងប៉ុណ្ណោះទេ ប៉ុន្តែវាកំពុងបង្កឲ្យមានគ្រោះមហន្តរាយដល់សន្តិសុខស្បៀងអាហារទូទាំងតំបន់។
ច្រកសមុទ្រហ័រមូស គឺជាផ្លូវដឹកជញ្ជូនដ៏សំខាន់ ដែលផ្ទុកជីកសិកម្មប្រហែល ១ ភាគ ៣ នៃតម្រូវការពិភពលោក។ ការអូសបន្លាយនៃសង្គ្រាម បានធ្វើឲ្យតម្លៃជីហក់ឡើងខ្ពស់ ដែលធនាគារពិភពលោក ព្យាករថា នឹងកើនឡើងដល់ ៣១% ក្នុងឆ្នាំ ២០២៦ នេះ។ បញ្ហានេះ បានជះឥទ្ធិពលផ្ទាល់ដល់ជីវភាពប្រជាជន ក្នុងតំបន់អាស៊ីអាគ្នេយ៍ តាមរយៈការកើនឡើងនៃតម្លៃទំនិញ និងកង្វះខាតស្បៀងអាហារ។
ដើម្បីទប់ទល់នឹងវិបត្តិនេះ មេដឹកនាំអាស៊ាន កំពុងពិភាក្សាគ្នាលើផែនការបង្កើត «ស្បៀងបម្រុងយុទ្ធសាស្ត្រ» រួមគ្នាមួយ។ យន្តការនេះ នឹងអនុញ្ញាតឲ្យប្រទេសសមាជិកអាស៊ានសន្សំស្បៀងអាហារ ជាពិសេសគឺអង្ករ ដើម្បីជួយគ្នាទៅវិញទៅមកក្នុងគ្រាអាសន្ន និងដើម្បីការពារផលដំណាំពីបាតុភូតអាកាសធាតុ El Niño ផងដែរ។
គួរបញ្ជាក់ថា អាស៊ានមានយន្តការត្រៀមបម្រុងអង្ករអាសន្ន (APTERR) រួចជាស្រេចជាមួយចិន កូរ៉េខាងត្បូង និងជប៉ុន តាំងពីឆ្នាំ២០១១ ប៉ុន្តែវិបត្តិបច្ចុប្បន្ន តម្រូវឲ្យមានកិច្ចសហប្រតិបត្តិការកាន់តែខ្លាំងក្លាជាងមុន៕

