ចិន៖ក្រសួងសន្តិសុខសាធារណៈ របស់ប្រទេសចិន នៅថ្ងៃទី ១៥ មករានេះ បានប្រកាសទុកពេល ៣០ ថ្ងៃ ឱ្យសមាជិករបស់ មេឧក្រិដ្ឋកម្ម Online Scam លោក ចេន ហ្សី ចូលខ្លួនមកសារភាពនៅប៉ូលីសចិន ដើម្បីទទួលបានការបន្ថូរបន្ថយទោស។តែប្រសិនបើមិនសហការជាមួយប៉ូលីសចិននោះទេ ក្រុមសមាជិកទាំងអស់នោះនឹងត្រូវទទួលទោសយ៉ាងធ្ងន់ធ្ងរ។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងសន្តិសុខសាធារណៈរបស់ចិន បានព្រមានឱ្យជនសង្ស័យដែលជាសមាជិករបស់ មេឧក្រិដ្ឋកម្ម Online Scam លោក ចេន ហ្សី ដែលកំពុងរត់គេចខ្លួនត្រូវប្រគល់ខ្លួនដល់សមត្ថកិច្ចចិនឱ្យបានឆាប់បំផុត។
បើតាមប៉ូលីសចិន ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២៦ ជនសង្ស័យដែលស្ម័គ្រចិត្តប្រគល់ខ្លួន និង សារភាពដោយស្មោះត្រង់ អាចទទួលបានការបន្ធូរទោស ឬកាត់បន្ថយទោស តាមបទប្បញ្ញត្តិច្បាប់។តែបើសិនសមាជិកណា គំរាមកំហែង សងសឹក ឬរារាំងជនសង្ស័យពីការប្រគល់ខ្លួន នឹងត្រូវទទួលខុសត្រូវព្រហ្មទណ្ឌតាមច្បាប់ធ្ងន់ធ្ងរ ហើយអ្នកបន្តរត់គេចខ្លួន ក្រុមប៉ូលីសចិន នឹងតាមចាប់ខ្លួនដោយគ្មានការលើកលែង ដើម្បីយកមកកាត់ទោសតាមផ្លូវច្បាប់របស់ចិន។
គួរបញ្ជាក់ថា លោក ចេន ហ្សី មេឧក្រិដ្ឋកម្ម Online Scam នៅថ្ងៃទី ៦ មករា ត្រូវបានចាប់ខ្លួននៅប្រទេសកម្ពុជា ហើយបញ្ជូនទៅកាន់ប្រទេសចិន។ការចាប់ខ្លួននេះ ត្រូវបានធ្វើឡើងក្រោយពីអាជ្ញាធរចិន និងកម្ពុជា បានបើកការស្រាវជ្រាវអស់ជាច្រើនខែដែលកម្ពុជា និងចិន ចាត់ទុកថា ជាគំរូនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការបោសសំអាត Online Scam៕

