អ៊ុយក្រែន៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលែនស្គី (Volodymyr Zelensky) កាលពីចុងសប្ដាហ៍កន្លងទៅ បានបញ្ជាក់ថា កិច្ចប្រជុំត្រីភាគីរវាងអ៊ុយក្រែន រុស្ស៊ី និងសហរដ្ឋអាម៉េរិក នឹងត្រូវធ្វើឡើងនៅសប្តាហ៍នេះ ក្នុងប្រទេសអារ៉ាប់រួម (UAE) ។
ថ្លែងចេញពីរដ្ឋធានីគីវ លោក ហ្សេលែនស្គី (Zelensky) បានលើកឡើងថា មានការរៀបចំរួចរាល់ហើយ ដើម្បីធ្វើកិច្ចប្រជុំត្រីភាគីក្នុងកម្រិតសមស្របមួយ។ កិច្ចប្រជុំនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដូចដែលបានគ្រោងទុក» ។
មេដឹកនាំអ៊ុយក្រែនរូបនេះ បានសង្កត់ធ្ងន់ថា «រឿងជាច្រើនអាស្រ័យទៅលើអ្វីដែលសហរដ្ឋអាម៉េរិកអាចធ្វើបាន» នៅក្នុងការចរចានេះ ។
លោកបានបន្តថា «យើងរំពឹងថាភាគីអាម៉េរិកនឹងធ្វើសកម្មភាពឱ្យបានខ្លាំងក្លា ជាពិសេសពាក់ព័ន្ធនឹងវិធានការកាត់បន្ថយភាពតានតឹង ពោលគឺការកាត់បន្ថយការវាយប្រហារ។ រឿងគ្រប់យ៉ាងអាស្រ័យលើអ្វីដែលអាម៉េរិកអាចសម្រេចបាន ដើម្បីឱ្យប្រជាជនមានទំនុកចិត្តលើទាំងដំណើរការចរចា និងលទ្ធផលដែលទទួលបាន» ។
គេរំពឹងថា នេះគឺជាកិច្ចពិភាក្សាត្រីភាគីលើកទី២ បន្ទាប់ពីកិច្ចប្រជុំកំពូលជាប្រវត្តិសាស្ត្រ កាលពីសប្ដាហ៍មុននៅក្នុងរដ្ឋធានីនៃប្រទេសអារ៉ាប់រួម។ ដោយឡែក ជំនួយការប្រធានាធិបតីរុស្ស៊ី លោក យូរី យូសាកូវ (Yuri Ushakov) បានសង្កត់ធ្ងន់ជាថ្មីថា រាល់កិច្ចព្រមព្រៀងដើម្បីសន្តិភាពយូរអង្វែង នឹងមិនអាចទៅរួចទេ ប្រសិនបើមិនដោះស្រាយបញ្ហាទឹកដីឱ្យដាច់ស្រឡះ ៕

