ភ្នំពេញ ៖ នៅក្នុងយុគសម័យបច្ចុប្បន្នដែលបច្ចេកវិទ្យាព័ត៌មានបានរីកលូតលាស់យ៉ាងខ្លាំង ព័ត៌មានត្រូវបានចាត់ទុកជាអាវុធយុទ្ធសាស្ត្រដ៏មានសារសំខាន់បំផុតដែលមិនអាចមើលស្រាលបានឡើយ។ នេះគឺជាការគូសបញ្ជាក់របស់លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។
ការលើកឡើងបែបនេះ បានធ្វើឡើងក្នុងឱកាសលោក បានអញ្ជើញជាអធិបតី និងជាវាគ្មិនក្នុងសិក្ខាសាលាតម្រង់ទិស ស្ដីពី «ប្រសិទ្ធភាពព័ត៌មាន និងការគ្រប់គ្រងសាធារណមតិ» នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦។
អ្នកនាំពាក្យរាជរដ្ឋាភិបាល បន្តសង្កត់ធ្ងន់ថា សមត្ថកិច្ចនិងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទបានខិតខំបំពេញការងារយ៉ាងសកម្ម ដោយបានលះបង់ពេលវេលា កម្លាំងកាយចិត្ត មិនខ្លាចនឿយហត់ទាំងយប់ ទាំងថ្ងៃ ដោយគ្មានពេលសម្រាកថ្ងៃបុណ្យ ឬថ្ងៃចុងសប្តាហ៍ឡើយ ដើម្បីរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ និងប្រទេសជាតិទាំងមូល។ ដូច្នេះ គុណតម្លៃទាំងនេះគួរត្រូវបានបង្ហាញឱ្យប្រជាពលរដ្ឋបានយល់ដឹងយ៉ាងទូលំទូលាយតាមរយៈការផ្សព្វផ្សាយជាបុរេសកម្ម និងប្រកបដោយប្រសិទ្ធភាពដោយប្រើប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម័យទំនើប។
លោក ប៉ែន បូណា បន្តទៀតថា ទន្ទឹមនឹងនោះដែរ ការឆ្លើយតបយ៉ាងសកម្មចំពោះ ព័ត៌មានមិនគ្រប់ជ្រុងជ្រោយ ព័ត៌មានក្លែងក្លាយ និងការបំផ្លើសបំភ្លៃនានា តែហ៊ានទទួលស្គាល់ព័ត៌មានពិត គឺជាការងារចាំបាច់ដែលត្រូវធ្វើដំណាលគ្នា ដើម្បីរក្សាទំនុកចិត្តរបស់ប្រជាពលរដ្ឋមកលើសមត្ថកិច្ច។ ក្នុងន័យនេះ លោក បានថ្លែងកោតសរសើរចំពោះក្រុមការងារព័ត៌មាននិងនាំពាក្យរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេសក្រោមការដឹកនាំរបស់ នាយឧត្តមសេនីយ៍ សៅ សុខា ដែលបានធ្វើការងារនេះបានយ៉ាងល្អ៕


