ព្រៃវែង៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងគាំទ្រ និងកោតសរសើរចំពោះក្រសួងបរិស្ថាន ដែលបាននិងកំពុងជំរុញសកម្មភាពដើម្បី «ភាពស្អាត» នៅប្រទេសកម្ពុជា។
ការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្ត្រី ស សុខា ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលធុងដាក់សំរាមរបស់ក្រសួងបរិស្ថាន ជូនដល់រដ្ឋបាលខេត្តព្រៃវែង ចំនួន ៥២៩៧ធុង ដើម្បីចែកជូនទៅតាមសាលារៀន វត្តអារាម និងមណ្ឌលសុខភាពតាមមូលដ្ឋាន ដែលបានប្រព្រឹត្តទៅនៅសាលាខេត្តព្រៃវែង នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦។
ក្នុងឱកាសនេះដែរ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានមានប្រសាសន៍វាយតម្លៃខ្ពស់ចំពោះការចូលរួមសម្អាតអនាម័យបរិស្ថាន ដែលជាផ្នែកមួយយ៉ាងសំខាន់ ក្នុងការជំរុញអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ដែលរាជរដ្ឋាភិបាលបានកំណត់យក «អនាម័យបរិស្ថាន» ជាចំណុចសំខាន់មួយក្នុងចំណោមលក្ខណៈសម្បត្តិទាំង ៧ នៃគោលនយោបាយ ដើម្បីលើកកម្ពស់សុខុមាលភាព និងសោភ័ណភាពរស់នៅរបស់ប្រជាពលរដ្ឋ។
ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានថ្លែងជំរុញចលនាចូលរួមពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ ត្រូវរួមគ្នាធ្វើអនាម័យ ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក នៅតាមផ្ទះ តាមមូលដ្ឋាន សាលារៀន វត្តអារាម និងទីសាធារណៈឱ្យបានជាប្រចាំ ដែលវាមិនត្រឹមតែផ្តល់នូវសុខភាពល្អប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយលើកកម្ពស់សោភ័ណភាព មានភាពស្អាត និងមានសណ្តាប់ធ្នាប់ល្អទៀតផង៕
¡

