កណ្តាល៖ នៅរសៀលថ្ងៃសុក្រ ៨រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល និងលោកស្រី រ៉េត ផល្លីដា រួមជាមួយកងកម្លាំងនគរបាលក្រោមឱវាទ បានចូលរួមក្នុងពិធីសូត្រមន្តចម្រើនព្រះបរិត្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦ នៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល។
ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ សូមបួងសួង ដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតាឆ្នាំថ្មីព្រះនាម រាក្យសាទេវី សូមប្រោះព្រំប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខ បវរមហារប្រសើរ និងជួយតាមថែរក្សាបីបាច់ដល់ថ្នាក់ដឹកនាំខេត្ត កងកម្លាំងនគរបាល រួមទាំងប្រជាពលរដ្ឋក្នុងខេត្តកណ្តាលទាំងអស់ សូមជួបប្រទះនូវពុទ្ធពរទាំង០៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕


