ភ្នំពេញ ៖ ក្នុងរយៈពេល១០ថ្ងៃ ក្រោយពិធីបុណ្យចូលឆ្នាំថ្មី រាប់ចាប់ពីថ្ងៃទី១៧ រហូតដល់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ កម្លាំងនគរបាលជាតិគ្រប់មូលដ្ឋាន បានបង្ក្រាបក្មេងទំនើងចំនួន២៣ករណី ឃាត់ខ្លួនមនុស្សសរុប៧៥នាក់ និងបង្ក្រាបករណីល្បែងស៊ីសងខុសច្បាប់ចំនួន៣ទីតាំង ឃាត់ខ្លួនជនងប់ល្បែង៥នាក់។ នេះបើតាមរបាយការណ៍ក្រសួងមហាផ្ទៃ។
បើតាមរបាយការណ៍ ករណីក្មេងទំនើង និងល្បែងស៊ីសងខុសច្បាប់ដែលសមត្ថកិច្ចបង្ក្រាបបាននោះ មានក្នុងមូលដ្ឋាន រាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ កណ្ដាល កំពត កំពង់ចាម ក្រចេះ ស្វាយរៀង និងខេត្តរតនគិរី។ ចំនួននេះ បានថយចុះ ធៀបនឹងរយៈពេល១០ថ្ងៃ មុនពិធីបុណ្យចូលឆ្នាំ។
លទ្ធផលនៃការបង្ក្រាបទាំងករណីក្មេងទំនើងនិងល្បែងស៊ីសងនេះ បានបញ្ជាក់យ៉ាងច្បាស់ថា ក្នុងកាលៈទេសៈណាក៏ដោយ អាជ្ញាធរ និងកម្លាំងនគរបាល នៅតែបន្តបង្ក្រាបមិនដកដៃឡើយ ដើម្បីធានាការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមក្នុងមូលដ្ឋាន៕


