ខេត្តតាកែវ៖ ក្រុមជនឆបោកតាមអនឡាញដែលត្រូវបានបញ្ជូនទៅរក្សាទុកនៅមណ្ឌលត្រៀមបណ្ដេញចេញខេត្តតាកែវ។ GDI
ក្រុមជនឆបោកតាមអនឡាញដែលត្រូវបានបញ្ជូនទៅរក្សាទុកនៅមណ្ឌលត្រៀមបណ្ដេញចេញខេត្តតាកែវ។ GDI
ជនបរទេសដែលជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមអនឡាញចំនួន ៩៩៤នាក់ ត្រូវបានយកទៅរក្សាទុកបណ្ដោះអាសន្ននៅមណ្ឌលត្រៀមបណ្តេញចេញបាទីជាលើកដំបូង រង់ចាំការបណ្ដេញចេញ ក្រោយពេលមជ្ឈមណ្ឌលនេះត្រូវបានរៀបចំរួចរាល់។
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឲ្យដឹងថា ជនបរទេសទាំងនេះត្រូវបានបញ្ជូនទៅមណ្ឌលនេះនៅថ្ងៃអាទិត្យ ទី១០ ខែឧសភា ឆ្នាំ២០២៦ ដោយមាន ១៦ សញ្ជាតិ រួមមាន ចិន, ចិនតៃវ៉ាន់, ឥណ្ឌូនេស៊ី, ថៃ, មីយ៉ាន់ម៉ា, ឡាវ, ហ្វីលីពីន, វៀតណាម, ប៉ាគីស្ថាន, បង់ក្លាដែស, នេប៉ាល់, ឥណ្ឌា, កេនយ៉ា, ហ្គាណា, លីបេរីយ៉ា, និងកូរ៉េខាងត្បូង។ ពួកគេត្រូវបានទទួលមកពីស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ, ពោធិ៍សាត់ និងព្រះសីហនុ ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា, លួចស្នាក់នៅខុសច្បាប់ និងអនុវត្តទោសចប់។
មណ្ឌលត្រៀមបណ្តេញចេញបាទី គឺជាអតីតទីតាំងដែលពួកឧក្រិដ្ឋជនឆបោកតាមអនឡាញបានប្រើប្រាស់ដើម្បីប្រព្រឹត្តបទល្មើស មុនពេលទីតាំងនេះត្រូវបានបង្ក្រាប និងបិទចោលកាលពីខែកក្កដា ឆ្នាំមុន។ ទីតាំងនេះពីដើមមានឈ្មោះថា Mango Park 2 នៅក្នុងទីតាំងក្រុមហ៊ុន Sopheakmit Residence ស្ថិតនៅ ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ។
លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានប្រាប់ឲ្យដឹងថា ទឹកដីខេត្តតាកែវរបស់លោកលែងមានវត្តមានពួកអនឡានស្គែមយូរហើយ គឺចាប់តាំងពីការបង្ក្រាបទ្រង់ទ្រាយធំនៅទីតាងខាងលើ។ លោកថា ដោយសារតែខេត្តរបស់លោកធ្វើបានល្អ ទើបប្រមុខរាជរដ្ឋាភិបាលយកទីតាំងនោះទុកដាក់ពួកស្គែម ដើម្បីបំពេញនីតិវិធីបណ្ដេញចេញ។
លោកបន្តថា រយៈពេលនៃការដាក់រក្សាពួកគេនៅទីនេះអាស្រ័យទៅលើការធ្វើកិច្ចសហការជាមួយស្ថានទូតសាម៉ីរបស់ពួកគេ ដោយសារតែអ្នកខ្លះមិនមានលិខិតឆ្លងដែន។ ហេតុដូច្នេះ ស្ថានទូតរបស់ពួកគេត្រូវធ្វើលិខិតពាក់ព័ន្ធដើម្បីទទួលយកពួកគេ៕

