ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវីរភាពដ៏អង់អាចក្លាហានរបស់កងកម្លាំងនគរបាលជាតិទូទាំងប្រទេស បានខិតខំប្រឹងប្រែងបំពេញភារកិច្ចដោយភាពអត់ធ្មត់ ប្រកាន់ខ្ជាប់នូវវិន័យ បង្កើតបាននូវស្នាដៃ និងសមិទ្ធផលដ៏មហិមាជូនប្រទេសជាតិ។
តាមរយៈសារលិខិតជូនពរកងកម្លាំងនគរបាលជាតិ ក្នុងឱកាសទិវារំលឹកខួបអនុស្សាវរីយ៍ លើកទី៨១ ថ្ងៃកំណើតកងកម្លាំងនគរបាលជាតិកម្ពុជា ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ នាយឧត្តមសេនីយ៍ ស ថេត បានលើកឡើងថា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណី ដំណាក់កាលទី១ ដើម្បីនាំនាវាកម្ពុជាឆ្ពោះទៅរកការអភិវឌ្ឍ និងភាពចម្រុងចម្រើនប្រកបដោយសុខុមាលភាព និងវិបុលភាព ដោយក្នុងនោះវិស័យសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម គឺជាបរិស្ថានគ្របដណ្តប់ និងជាបុព្វបទស្នូលដែលមិនអាចខ្វះបាន។
នាយឧត្តមសេនីយ៍ បន្ដថា ដូចនេះដើម្បីឱ្យយុទ្ធសាស្ត្រនេះសម្រេចបានជោគជ័យ កងកម្លាំងនគរបាលជាតិគ្រប់ថ្នាក់ គ្រប់ជំនាញពាក់ព័ន្ធ ដែលជាតួអង្គប្រតិបត្តិករទទួលខុសត្រូវចំពោះភារកិច្ច ដ៏ថ្លៃថ្លា និងវិសេសវិសាលនេះ ត្រូវលើកកម្ពស់ស្មារតីទទួលខុសត្រូវ ចូលរួមអនុវត្តប្រកបដោយភក្តីភាព និង ប្រសិទ្ធភាព។
នាយឧត្តមសេនីយ៍ ស ថេត បានគូសបញ្ជាក់ថា «ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវីរភាពដ៏អង់អាចក្លាហានរបស់កងកម្លាំងនគរបាលជាតិទូទាំងប្រទេស ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចដោយ ភាពអត់ធ្មត់ ប្រកាន់ខ្ជាប់នូវវិន័យ សីលធម៌ គុណធម៌ សុជីវធម៌ វិជ្ជាជីវៈ បង្កើតបាននូវស្នាដៃ និងសមិទ្ធផលដ៏មហិមាជូនប្រទេសជាតិ ហើយក៏សូមលើកទឹកចិត្តឱ្យបងប្អូនទាំងអស់បន្តស្មារតី និងឆន្ទៈមុតស្រួចក្នុងកិច្ច ការពាររាជរដ្ឋាភិបាលស្របច្បាប់ បាវចនាជាតិ រដ្ឋធម្មនុញ្ញ ឧត្តមប្រយោជន៍ជាតិ និងសេចក្តីសុខក្សេមក្សាន្តរបស់ប្រជាពលរដ្ឋ»៕


