កណ្ដាល ៖ លោក គួច ចំរើន អភិបាលខេត្តកណ្តាល បានជំរុញអភិបាលក្រុង-ស្រុកទាំងអស់ក្នុងខេត្តកណ្ដាល ត្រូវរៀបចំសណ្ដាប់ធ្នាប់សាធារណៈនៅតាមដងផ្លូវដោយទន់ភ្លន់ ម៉ឺងម៉ាត់ មាត់ចត់ ឆាប់រហ័ស និងព្រមទាំសកម្មបន្ថែមទៀត ដើម្បីលើកកម្ពស់សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ របៀបរៀបរយ ព្រមទាំងបញ្ជៀសនូវបញ្ហាកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់ចរាចរណ៍ ដែលអាចនឹងកើតមានឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន។
លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានធ្វើការជំរុញបែបនេះ ក្នុងឱកាសដែលឯកឧត្តម អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្តកណ្តាល ប្រចាំអឌ្ឍមាសទី១ ខែឧសភា ឆ្នាំ២០២៦ នៅសាលាខេត្តកណ្ដាល នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ ដែលកិច្ចប្រជុំនេះដែរ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវអភិបាលរងខេត្ត កងកម្លាំងមានសមត្ថកិច្ច មន្ទីរជំនាញជំរុញខេត្ត និងអភិបាលក្រុង-ស្រុកទាំង១៣ តាមរយៈប្រព័ន្ធ Zoom meeting។
លោក អភិបាលខេត្តកណ្ដាល បន្តថា ថ្មីៗនេះមានករណីគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្ដាលឱ្យមានប្រជាពលរដ្ឋរងគ្រោះធ្ងន់ធ្ងរ ដែលមកពីការសាងសង់លើដីចិញ្ចើមផ្លូវ ដូចនេះយើងទាំងអស់គ្នា មានភារកិច្ចក្នុងការយកចិត្តទុកដាក់ ជំរុញក្នុងការរៀបចំសម្រាប់ធ្នាប់នៅតាមចិញ្ចើមផ្លូវ ដោយអប់រំ ណែនាំបងប្អូនប្រជាពលរដ្ឋរបស់យើង ត្រូវចូលរួមគោរពច្បាប់ទាំងអស់គ្នា កុំសាងសង់ឬលក់ដូរនៅលើចំណីផ្លូវ ដោយមិនត្រូវគិតនូវអ្វីដែលមានភាពងាយស្រួលចំពោះមុខ តែត្រូវគិតអំពីហានិភ័យដែលអាចនឹងកើតមានឬបង្កគ្រោះថ្នាក់ធំធេងដល់អាយុជីវិត បង្កររបួសស្នាម និងបង្កឱ្យខូចខាតដល់ទ្រព្យសម្បត្តិផងដែរ៕ដោយ៖ សិរី នាគ


