កណ្តាល ៖ លោក គួច ចំរើន អភិបាលខេត្តកណ្តាល បានណែនាំដល់អាជ្ញាធរស្រុកកៀនស្វាយ រួមគ្នាបង្ការ ការពារ និងទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ ដោយត្រូវកំណត់គោលដៅ ឬមុខសញ្ញាដែលតែងតែមានឈ្លោះគ្នាញឹកញាប់ ដោយត្រូវចុះធ្វើការចុះអបរំ ណែនាំជាប្រចាំ ដើម្បីឱ្យពួកគាត់បានយល់ដឹង កុំឱ្យកើតមានអំពើហិង្សានេះបន្តទៀត ដែលបណ្ដាលឱ្យកើតមាននូវមានសោកនាដកម្មណាមួយលើក្រុមគ្រួសាររបស់ពួកគាត់។
លោក គួច ចំរើន អភិបាលខេត្តកណ្តាល បានណែនាំដូច្នេះ ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ ចំនួន ១៣ភូមិ ស្ថិតនៅឃុំគគី ស្រុកកៀនស្វាយ សរុប ១២,៧៥២បណ្ណ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ នៅបរវេណសាលាស្រុកកៀនស្វាយ។
នាឱកាសនោះ លោក អភិបាលខេត្ត ក៏បានលើកទឹកចិត្ត ដល់រដ្ឋបាលស្រុកកៀនស្វាយ គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក សូមបន្តយកចិត្តទុកដាក់រៀបចំសណ្តាប់ធ្នាប់ សាធារណៈ ដីចំណីផ្លូវ ដើម្បីបង្ការនូវគ្រោះថ្នាក់ចរាចរណ៍ និងលើកសោភ័ណភាពតាមដងផ្លូវ។
ជាងនេះទៅទៀត អាជ្ញាធរមូលដ្ឋាន គណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារស្រុក និងសហគមន៍ក្នុងមូលដ្ឋានទាំងមូល សូមផ្តល់ការចាប់អារម្មណ៍ រួមគ្នាកាត់បន្ថយ លុបបំបាត់អំពើហិង្សាក្នុងគ្រួសារ ដោយត្រូវចេះក្តាប់កំណត់មុខសញ្ញាគ្រួសារងាយរងគ្រោះ រួមគ្នាការពារ បញ្ចៀសអំពើហិង្សាក្នុងគ្រួសារ បញ្ចៀសនូវសោកនាដកម្មដែលអាចកើតមានក្នុងសង្គម៕ដោយ៖ សិរី នាគ


