កណ្តាល៖ រដ្ឋបាលខេត្តកណ្តាល មានកិត្តិយសសូមជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មានទាំងអស់ជ្រាបថា បន្ទាប់ពីឃើញមានការផ្សព្វផ្សាយព័ត៌មានលើបណ្តាញសង្គម អំពីករណី ប្រជាពលរដ្ឋផ្ទុះការតវ៉ាថា ក្រុមហ៊ុន ឃុន សៀ បានព័ទ្ធទំនប់យកដីរបស់ប្រជាពលរដ្ឋ ដែលមិនទាន់បានដោះស្រាយផលប៉ះពាល់រួចរាល់ និងស្នើឱ្យ ក្រុមហ៊ុនដោះស្រាយផលប៉ះពាល់ជូនពួកគាត់ឱ្យចប់សព្វគ្រប់ និងសមរម្យ ដែលដីនេះមានទីតាំងស្ថិតនៅក្នុង ភូមិក្តីកណ្តាល សង្កាត់សារិកាកែវ ក្រុងអរិយក្សត្រ ខេត្តកណ្តាល” ។ ពាក់ព័ន្ធនឹងករណីនេះ រដ្ឋបាលខេត្តកណ្តាល សូមធ្វើការបកស្រាយបំភ្លឺដូចខាងក្រោម ៖
តាមរយៈលិខិតលេខ ១០៧៦ សជណ ចុះថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២ របស់ទីស្តីការគណៈរដ្ឋមន្ត្រី រាជរដ្ឋាភិបាលបានសម្រេចប្រគល់ទីតាំងដីទាំង ៣កន្លែង ដែលមានទំហំ ៣៤៣៣ហិកតា ៦៥អា ២៣សង់ទីអា ស្ថិត នៅក្នុងភូមិសាស្ត្រស្រុកល្វាឯម និងស្រុកខ្សាច់កណ្តាល (បច្ចុប្បន្នក្រុងអរិយក្សត្រ) ដើម្បីធ្វើការវិនិយោគឱ្យទៅក្រុមហ៊ុន ឃុន សៀ អ៊ុមផត អិចផត ឱ្យធ្វើការអភិវឌ្ឍជាទីក្រុងរណប ដោយប្រសិទ្ធនាមជា “ទីក្រុងឆ្លាតអរិយក្សត្រតេជោ” នឹងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនានាក្នុងខេត្តកណ្តាល ។
បន្ទាប់ពីទទួលបានសិទ្ធិពីរាជរដ្ឋាភិបាល ក្រុមហ៊ុន ឃុន សៀ អ៊ុមផត អិចផត បានសហការជាមួយក្រុមការងារចំរុះអន្តរក្រសួង រដ្ឋបាលខេត្តកណ្តាល អាជ្ញាធរ ក្រុង ស្រុក ឃុំ សង្កាត់ និងអ្នកពាក់ព័ន្ធ ខិតខំដោះស្រាយផលប៉ះពាល់ជូនប្រជាពលរដ្ឋដែលបានអាស្រ័យផលលើដីរដ្ឋ ជាក់ស្តែង និងកាយក្រវាត់ព្រំដី ស្របតាមលិខិត លេខ ១០៧៦ ចុះថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២ របស់ទីស្តីការ គណៈរដ្ឋមន្ត្រី។ គិតមកដល់បច្ចុប្បន្ននេះ ប្រជាពលរដ្ឋប្រមាណ ៩៥% បានមកទទួលយកប្រាក់ដោះស្រាយផលប៉ះពាល់ ពីក្រុមហ៊ុនរួចរាល់ហើយ ដោយឡែកនៅសល់តែប្រជាពលរដ្ឋក្នុងមូលដ្ឋាន ភូមិក្ដីកណ្តាល សង្កាត់សារិកាកែវ ចំនួន ២០គ្រួសារ ដែលមិនទាន់យល់ព្រមទទួលយកប្រាក់ដោះស្រាយគោលនយោបាយ។
រដ្ឋបាលខេត្តកណ្តាល នៅតែបន្តខិតខំសម្របសម្រួលជាមួយក្រុមហ៊ុន ក្នុងការដោះស្រាយផលប៉ះពាល់ ជូនដល់បងប្អូនប្រជាពលរដ្ឋដែលមិនទាន់មានការឯកភាពគ្នាដោយសន្តិវិធី ឱ្យមានការឯកភាពគ្នាស្របតាមច្បាប់ និង គោលនយោបាយរបស់រាជរដ្ឋាភិបាល។
អាស្រ័យដូចបានជម្រាបជូនខាងលើនេះ សូមសាធារណជន និងអ្នកសារព័ត៌មានទាំងអស់ មេត្តាជ្រាបជា ព័ត៌មាន។ រដ្ឋបាលខេត្តកណ្តាល សូមលើកទឹកចិត្តឱ្យមានការផ្សព្វផ្សាយ និងចែករំលែកសេចក្តីបំភ្លឺព័ត៌មាននេះ ឱ្យបានទូលំទូលាយ ដើម្បីឱ្យសាធារណជនបានយល់ច្បាស់ អំពីការពិតលើករណីនេះ និងបន្តសម្របសម្រួល ដោះស្រាយដោយឈរលើគោលការណ៍ច្បាប់ និងផលប្រយោជន៍ជូនបងប្អូនប្រជាពលរដ្ឋដោយសន្តិវិធី ៕ដោយ៖ សិរី នាគ


