ភ្នំពេញ ៖ ក្នុងរយៈពេលមួយខែពេញ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេស កើតឡើងចំនួន២០៨ករណី បណ្តាលឱ្យមានមនុស្សស្លាប់រហូតទៅដល់១៤៤នាក់ និងរបួសធ្ងន់ស្រាលចំនួន ២៤៥នាក់។ នេះបើតាមរបាយការណ៍ក្រសួងមហាផ្ទៃ។
បើតាមរបាយការណ៍ គ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងនោះ ភាគច្រើនបណ្តាលមកពី ការបើកបរលើសល្បឿនកំណត់ ការមិនគោរពសិទ្ធិអាទិភាព ការបើកបរមិនប្រកាន់ស្តាំ ការវ៉ាជែង ការបត់មិនប្រុងប្រយ័ត្ន ការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង មិនគោរពសញ្ញាចរាចរណ៍ និងកត្តាយានយន្ត។
ក្នុង ៦ខែដើមឆ្នាំ២០២៦ គ្រោះថ្នាក់ចរាចរណ៍បានកើនឡើង បើធៀបឆ្នាំ២០២៥ ក្នុងនោះ ករណីគ្រោះថ្នាក់មានកំណើន ២១៣លើក ស្មើ២០ភាគរយ ចំនួនអ្នកស្លាប់មានកំណើន ៧៩នាក់ ស្មើ១១ភាគរយ និងចំនួនអ្នករបួសមានកំណើន៤៦៨នាក់ ស្មើ៣២ភាគរយ៕ដោយ៖លោក សេង បូលីន ក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ


