ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាលោក Wang Wenbin បានបង្ហោះសារលើទំព័រហ្វេសប៊ុករបស់លោកថា៖“នៅថ្ងៃទី៣១ ខែមករា កម្លាំងជំនាញកម្ពុជាបានចុះបង្ក្រាបទីតាំង Online Scam ទ្រង់ទ្រាយធំនៅក្រុងបាវិត ខេត្តស្វាយរៀង ហើយបានឃាត់ខ្លួនជនសង្ស័យសញ្ជាតិបរទេសជាង២០០០នាក់។ប្រទេសចិនគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងកម្លាំងជំនាញរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមបប្រព័ន្ធអនឡាញ ហើយជឿជាក់ថាកិច្ចការនេះនឹងបន្តមានវឌ្ឍនភាពថ្មីឥតឈប់ឈរ។”
គួរជម្រាបថា ក្នុងប្រតិបត្តិការបង្ក្រាបទីតាំងសង្ស័យប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams)ក្នុងបរិវេណកាស៊ីណូវ៉ាន់ឆឹង(A7) ដែលមានអគារចំនួន២២ស្ថិតនៅភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀងកាលពីថ្ងៃទី៣១ ខែមករា សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាជនបរទេសសរុបដល់ទៅ២,០៤៤នាក់។ នៅក្នុងនោះជនជាតិចិន១,៧៩២នាក់ វៀតណាម១៧៧នាក់ មីយ៉ាន់ម៉ា១៧៩នាក់ នេប៉ាល់៣០នាក់ ចិនតៃវ៉ាន់៥នាក់ ម៉ាឡេស៊ី១នាក់ ឡាវ២នាក់ ឥណ្ឌា៣៦នាក់ និងជនជាតិម៉ិកស៊ិក១នាក់៕

