ភ្នំពេញ ៖ ចំពោះមុខមេដឹកនាំសភាប្រទេសនានា, សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា កងទ័ពថៃ បន្តកាន់កាប់ទីតាំងជាច្រើនចូលមកក្នុងទឹកដីកម្ពុជា ហើយហួសពីខ្សែបន្ទាត់ព្រំដែនដែលខ្លួនបានទាមទារជាឯកតោភាគី។
ក្នុងពិធីបើកសន្និសីទប្រធានសភា នៃអន្តរសភាលើកទី២ (ISC-2) នាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា បទឈប់បាញ់ត្រូវបានចុះហត្ថលេខានៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ប៉ុន្តែស្ថានភាពនៅលើដីជាក់ស្តែងនៅតែមានភាពផុយស្រួយ ដោយហេតុថា កម្លាំងយោធារាប់ពាន់នាក់កំពុងបន្តប្រឈមមុខដាក់គ្នានៅតាមបណ្តោយព្រំដែន និងវិធានការបន្ថយភាពតានតឹងនៅមិនទាន់មាននៅឡើយ។ បញ្ហាជាសារវន្តនោះគឺ អធិបតេយ្យភាព និងបូរណភាពទឹកដីស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងដែលមានស្រាប់នៅមិនទាន់បានដោះស្រាយបាននៅឡើយ។
សម្ដេចធិបតី បន្ថែមថា បើទោះបីជាភាគីទាំងពីរបានឯកភាពគ្នា ក្រោមកិច្ចព្រមព្រៀងទីក្រុងកូឡាឡាំពួរ KL Accord ចុះថ្ងៃទី២៦ ខែតុលា និងសេចក្តីប្រកាសរួមចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីអនុញ្ញាតឱ្យគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក JBC ចាប់ផ្តើមការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីកំណត់ខ្សែបន្ទាត់ព្រំដែនឱ្យបានច្បាស់លាស់រវាងប្រទេសទាំងពីរ សំដៅទប់ស្កាត់វិវាទនាពេលអនាគត និងជាការបើកផ្លូវឱ្យប្រជាពលរដ្ឋភៀសសឹកអាចត្រឡប់ទៅកាន់លំនៅដ្ឋានរបស់ពួកគេវិញប្រកបដោយសុវត្ថិភាព នៅថ្ងៃទី៨ ខែធ្នូ ក៏គណៈកម្មការនេះនៅមិនទាន់បានអនុវត្តការងារទាំងនេះទេ។
សម្ដេច នាយករដ្ឋមន្ដ្រី បានគូសបញ្ជាក់ថា «ជាក់ស្តែង ប្រជាពលរដ្ឋខ្មែរភៀសសឹកជាង២ម៉ឺននាក់នៅមិនទាន់អាចត្រឡប់ទៅកាន់លំនៅដ្ឋានរបស់ខ្លួនវិញបានឡើយ។ លើសពីនេះ កងទ័ពនៅតែបន្តកាន់កាប់ទីតាំងជាច្រើនចូលមកក្នុងទឹកដីកម្ពុជា ហើយទាំងហួសពីខ្សែបន្ទាត់ព្រំដែនដែលខ្លួនបានទាមទារជាឯកតោភាគីបន្ថែមទៀត។ សកម្មភាពរបស់យោធាថៃដែលព្យាយាមបង្កើតនូវអង្គហេតុសម្រេចលើទីតាំងជាក់ស្តែងក្នុងតំបន់ដែលខ្លួនកំពុងគ្រប់គ្រង ដូចជាការរីកលុះមន្ទីរពេទ្យ ការដាក់ទូកុងតឺន័រ និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងយោធា ព្រមទាំងការចេញប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋមុនពេលកិច្ចការខណ្ឌសីមា និងបោះបង្គោលព្រំដែនត្រូវបានបញ្ចប់ គឺជាក្តីព្រួយបារម្ភមួយយ៉ាងក្រៃលែង»៕

