ភ្នំពេញ៖ នគរបាលដែលស្រវឹង បង្កគ្រោះថ្នាក់ចរាចរណ៍ ត្រូវបកស័ក្តិ និងបណ្តេញចេញពីក្របខ័ណ្ឌ! ឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រេចបណ្តេញចេញ នាយរងប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិភ្នំដិនម្នាក់ ក្រោយស្រវឹង ហើយបានបង្កគ្រោះថ្នាក់ចរាចរណ៍។
សូមបញ្ជាក់ថា៖ លោកវរសេនីយ៍ត្រី ស៊ិន រ៉ាយូ នាយរងប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិភ្នំដិន (ព្រំដែនក្នុងខេត្តតាកែវ) នៃនាយកដ្ឋានច្រកទ្វារទី២ ចំណុះអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ត្រូវបានឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្រេចដកហូតមុខតំណែង ដកហូតឋានន្តរស័ក្តិ និងបណ្តេញចេញពីក្របខ័ណ្ឌនគរបាលជាតិ កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦។
លោកវរសេនីយ៍ត្រី ស៊ិន រ៉ាយូ ជាកូនប្រុសប្រធានពន្ធនាគារខេត្តមួយ។ មន្រ្តីនគរបាលរូបនេះ បានបង្កគ្រោះថ្នាក់ចរាចរណ៍ ដោយស្ថានភាពស្រវឹង កាលពីយប់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ ស្ថិតនៅ តាម បណ្តោយ ផ្លូវ លេខ៥៨P សង្កាត់ គោក ឃ្លាង ខណ្ឌ សែនសុខ រាជធានីភ្នំពេញ។
នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ លោក ស៊ិន រ៉ាយូ បានបើក រថយន្ត មួយគ្រឿង ម៉ាក RANGE ROVER ពាក់ ផ្លាកលេខ ភ្នំពេញ 2BT-1698 ក្នុង ល្បឿន លឿន និងស្រវឹង រួច ជ្រុល ទៅ បុកពីក្រោយពេញទំហឹង រថយន្ត មួយគ្រឿងម៉ាក BYD ពាក់ ផ្លាក លេខ ភ្នំពេញ 2BR-9148 ដែលកំពុង ឈប់ ចាំ រថយន្ត ធន់ ធំ កំពុង បត់ ចេញ ពី ឃ្លាំង រួច រុញ រថយន្ត ទៅបុកម៉ូតូ មួយគ្រឿង ទៀត BEAT មួយគ្រឿងទៀត។
នេះជាចំណាត់ការរបស់ប្រមុខក្រសួងមហាផ្ទៃ ដែលលោកបានប្រកាសដាក់គោលការណ៍នេះ កាលពីព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ នៅក្នុងកិច្ចប្រជុំដោយបានកំណត់ថា «រាល់មន្ដ្រីចំណុះក្រសួងមហាផ្ទៃទាំង៣ ប្រភេទដែលមាន រដ្ឋបាលស៉ីវិល នគរបាលជាតិ និងមន្ដ្រីពន្ធនាគារ ដែលផឹកស៉ីស្រវឹងហើយបង្កគ្រោះថ្នាក់ចរាចរណ៍ ឬបង្កភាពអសីលធម៌នៅក្នុងសង្គម ដោយមិនទាន់បូកបញ្ចូលការទទួលខុសត្រូវផ្សេងៗទៀតនោះទេ នឹងត្រូវបណ្តេញចេញពីក្របខ័ណ្ឌ»។
សម្រាប់លោកវរសេនីយ៍ត្រី ស៊ិន រ៉ាយូ ជាមន្រ្តីទី១ ដែលទទួលរងការអនុវត្តទណ្ឌកម្មរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ ចាំមើលតើនរណាជាមន្រ្តីទី២ ដែលជួបបញ្ហានេះទៀត? បើដឹងថា ខ្លួនស្រវឹងហើយ សូមកុំបើកបរ ប្រយ័ត្នបង្កគ្រោះថ្នាក់ចរាចរណ៍ អស់បុណ្យ អស់ស័ក្តិ! សូមគាំទ្រចំពោះចំណាត់ការ លោកអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ៕SRN





