ភ្នំពេញ:លេខាធិការដ្ឋានគ.ប.ឆ.ប. ៖ ថវិកាជាង ៣០០លានដុល្លារត្រូវបានបង្កក ខណៈសំណុំរឿងចំនួន ៤៤៦ ករណីស្ថិតក្នុងដៃតុលាការ ក្នុងយុទ្ធនាការជាតិបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា លេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានចេញផ្សាយរបាយការណ៍បូកសរុបលទ្ធផលប្រតិបត្តិការ គិតចាប់ពីខែកក្កដា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ ដោយបង្ហាញពីលទ្ធផលនៃការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា។
ក្នុងប្រតិបត្តិការរយៈពេលជាង ១ឆ្នាំ នេះ សមត្ថកិច្ចកម្ពុជាបានបង្កកទ្រព្យសម្បត្តិពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយក្នុងនោះថវិកាជាង ៣០០លានដុល្លារអាមេរិក ក្នុងគណនីធនាគារត្រូវបានបង្កក រួមទាំងទ្រព្យសម្បត្តិពាក់ព័ន្ធផ្សេងទៀតដែលកំពុងបន្តនីតិវិធីបង្កក និងធ្វើការវាយតម្លៃជាបន្តបន្ទាប់។ នេះបានសបញ្ជាក់ការអនុវត្តច្បាប់ដោយភាពម៉ឺងម៉ាត់ ជាមួយវិធានការផ្លូវច្បាប់ ដើម្បីកាត់ផ្តាច់លំហូហិរញ្ញវត្ថុនិងផលនៃបទល្មើសរបស់បណ្តាញឧក្រិដ្ឋជនរបស់ឧក្រិដ្ឋជន។
ជាមួយគ្នានេះ ដំណើរការនីតិវិធីតុលាការកំពុងប្រព្រឹត្តទៅយ៉ាងសកម្ម ដើម្បីផ្តន្ទាទោសជនល្មើសទៅតាមផ្លូវច្បាប់ជាធរមាន។ សមត្ថកិច្ចបានកសាង និងបញ្ជូនសំណុំរឿងសរុបចំនួន ៤៤៦ ករណី ទៅកាន់តុលាការ ដែលពាក់ព័ន្ធនឹងជនត្រូវចោទចំនួន ៣,៩២៧ នាក់ រួមមានទាំងមេខ្លោង និងគូកន មកពី ២៩ សញ្ជាតិ។
ទន្ទឹមគ្នានឹងការអនុវត្តនីតិវិធីផ្តន្ទាទោសចំពោះឧក្រិដ្ឋជន សមត្ថកិច្ចបានអនុវត្តវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់ចំពោះមន្ត្រីអាជ្ញាធរដែលរកឃើញថាមានការជាប់ពាក់ព័ន្ធផងដែរ។ ក្នុងនោះ មានសំណុំរឿងចំនួន ៤ ករណី ពាក់ព័ន្ធនឹងជនសង្ស័យ ១៥ នាក់ ត្រូវបានចាត់វិធានការ រួមមាន ព្រះរាជអាជ្ញារង, អគ្គនាយករងអន្តោប្រវេសន៍, ស្នងការរងនគរបាលរាជធានីភ្នំពេញ, អតីតអគ្គនាយកនៃក្រសួងការបរទេស ព្រមទាំងមន្ត្រីនគរបាល និងយោធាមួយចំនួនទៀត។
យោងតាមរបាយការណ៍នេះ កងកម្លាំងសមត្ថកិច្ចជំនាញ បានអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល និងបានបើកប្រតិបត្តិការស្រាវជ្រាវ និងត្រួតពិនិត្យទីតាំងសង្ស័យសរុប ៨៣២ ទីតាំង ដោយក្នុងនោះបានឈានទៅបើកប្រតិបត្តិការបង្ក្រាបបានចំនួន ៦៦៣ ទីតាំង។ ក្នុងនោះដែរ កម្លាំងសមត្ថកិច្ចបានបង្ក្រាប និងគ្រប់គ្រងមណ្ឌលឆបោក (Scam Compounds) ធំៗចំនួន
៨៦ ទីតាំង ដែលអាជ្ញាធរមានសមត្ថកិច្ចកំពុងអនុវត្តនីតិវិធីដើម្បីឈានទៅរឹបអូសតាមច្បាប់ជាធរមាន៕


