ភ្នំពេញ ៖ ដោយសារតែការជឿទុកចិត្ត ទើបហ៊ានឲ្យប្រាក់ទៅ នារីរូបស្រស់ម្នាក់ ខ្ចីជាបន្តបន្ទាប់ រហូតចំនួន ៣២.០០០ដុល្លារ បែរជាចេញស៊ែកស្អុយ គ្មានសាច់ប្រាក់ទៅឲ្យម្ចាស់លុយ ដែលជនរងគ្រោះ រួចបិទទូរស័ព្ទ គេចខ្លួនបាត់ មិនអាចទាក់ទងបាន។
ក្រោយពីដឹងថា ត្រូវចាញ់បោក ម្ចាស់លុយដែលមាន ឈ្មោះ សុខ យូ ភេទស្រី អាយុ៣១ឆ្នាំ បានដាក់ពាក្យប្តឹង នារីដែលបានទៅខ្ចីលុយ ឈ្មោះ ខុម លីហួង អាយុ៣២ឆ្នាំ ទៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។ ក្រោយពីជនរងគ្រោះបានដាក់ នារីជាជនឆបោករូបនេះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ នៅចំណុចស្ពានចំការដូង និងបន្តបញ្ជូនទៅតុលាការ ដើមកបីចាត់ការតាមនីតិវិធី។
ក្នុងពាក្យបណ្តឹងនោះ ជនរងគ្រោះ សុំប្តឹងពីឈ្មោះ ខុម លីហួង ភេទស្រី អាយុ៣២ឆ្នាំ ទីលំនៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ពីបទ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន (ចេញស៊ែកស្អុយ)។
ក្នុងពាក្យបណ្តឹងដដែលបញ្ជាក់ថា នៅខែមិថុនា ឆ្នាំ២០២៦ ឈ្មោះ ខុម លីហួង បានមកយកប្រាក់ពីខ្ញុំនាងជាបន្តបន្ទាប់ចំនួន ៣២.០០០$ (បីម៉ឺនពីរពាន់ដុល្លារអាមេរិក) ដើម្បីយកទៅដោះស្រាយបញ្ហាផ្ទាល់ខ្លួន ដោយឈ្មោះ ខុម លីហួង ធានាអះអាងថានឹងប្រគល់ប្រាក់ឲ្យនាងខ្ញុំវិញគ្រប់ចំនួនវិញនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ ដោយមានការជឿទុកចិត្ត នាងខ្ញុំប្រគល់ប្រាក់ឲ្យគាត់ចំនួន៣២.០០០$ (បីម៉ឺនពីរពាន់ដុល្លារអាមេរិក) ។ ហើយឈ្មោះ ខុម លីហួង បាន ប្រគល់ប្រាក់មូលប្បទានប័ត្រចំនួន ០៤សន្លឹក លេខ ៨០៤៩៨២ ទឹកប្រាក់ចំនួន ២.០០០$ (ពីរពាន់ដុល្លារអាមេរិក) ចុះថ្ងៃ០៣.០៦.២០២៦ លេខ៨០៤៩៨៥ ទឹកប្រាក់ចំនួន ១៥.០០០$ (មួយម៉ឺនប្រាំពាន់ដុល្លារអាមេរិក) ចុះ ថ្ងៃ១០.០៦.២០២៦ លេខ៨០៤៩៨៦ ទឹកប្រាក់ចំនួន ៥.០០០$ (ប្រាំពាន់ដុល្លារអាមេរិក) ចុះថ្ងៃ១២.០៦.២០២៦, លេខ៨០៤៩៨៧ទឹកប្រាក់ចំនួន ១០.០០០$ (មួយម៉ឺនដុល្លារអាមេរិក) ចុះថ្ងៃ១៣.០៦.២០២៦ របស់ ធនាគារ កាណាឌីយ៉ា ក.អ។
លុះដល់ថ្ងៃកំណត់នារីរងគ្រោះ ដែលជាម្ចាស់លុយ បានយកមូល្បទានប័ត្រខាងលើទៅបើកប្រាក់នៅធនាគារ កាណាឌីយ៉ា ក.អ ស្រាប់តែខាងបុគ្គលិកធនាគារបានបញ្ជាក់ថាមូលប្បទានប័ត្រចំនួន ០៤សន្លឹក ខាងលើនេះ ពុំមានសាច់ប្រាក់ទេ។ បន្ទាប់មក ជនរងគ្រោះ បានទាក់ទងទៅឈ្មោះ ខុម លីហួង ប៉ុន្តែឈ្មោះនេះបានបិទទូរស័ព្ទផ្តាច់ការទាក់ទង រហូត ដល់បច្ចុប្បន្ន។
សូមបញ្ជាក់ថា ទីបំផុតជនសង្ស័យ ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី៕


