ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ដាស់តឿនជាមុនទៅកាន់ម្ចាស់ទីតាំងស្នាក់នៅគ្រប់ប្រភេទ មិនថាសណ្ឋាគារ ផ្ទះសំណាក់ ឬម្ចាស់អគារស្នាក់នៅនានា ដែលមានជនបរទេសស្នាក់នៅ ត្រូវតែអនុវត្តកាតព្វកិច្ចរាយការណ៍ជូនសមត្ថកិច្ច ខណៈសមត្ថកិច្ច នឹងអនុវត្ត ការពិន័យ ចាប់ពីដើមខែមីនា ឆ្នាំ២០២៦នេះតទៅ។
ការរម្លឹកនេះ បានធ្វើឡើងក្នុងឱកាស លោកឧបនាយករដ្ឋមន្ត្រី អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកម្មវិធី ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស លើកទី១៩ ក្រោមប្រធានបទ យើងរួមគ្នាដើម្បីកម្ពុជា គ្មានអំពើជួញដូរមនុស្ស និងអំពើឆបោកតាមអនឡាញ ប្រារព្ធនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នារសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦។
យោងតាមអនុក្រឹត្យលេខ ០៣ ចុះហត្ថលេខាដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី ៥ ខែមករា ឆ្នាំ២០២៦នេះ ម្ចាស់ទីតាំងរស់នៅប្រមូលផ្តុំឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំ ដែលធ្វេសប្រហែសខកខានមិនបាន បំពេញកាតព្វកិច្ច ដូចមានចែងក្នុងមាត្រា១៦នៃអនុក្រឹត្យនេះ ត្រូវផាកពិន័យជាប្រាក់ចំនួន៤០០ ០០០រៀល ដោយមិនទាន់គិតដល់ព្យសនកម្មដែលកើតឡើងពីការធ្វេសប្រហែសនេះឡើយ។
បើតាមអនុក្រឹត្យដដែល ម្ចាស់ទីតាំងរស់នៅប្រមូលផ្តុំឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំ ដែលមានចេតនាលាក់បាំង និងអនុញ្ញាត ឱ្យជនបរទេសដែលចូលមកព្រះរាជាណាចក្រកម្ពុជាដោយខុសច្បាប់ ស្នាក់នៅក្នុងទីតាំងស្ថិតនៅក្រោមការ ទទួលខុសត្រូវរបស់ខ្លួន ត្រូវផាកពិន័យជាប្រាក់ចំនួន៤ ០០០ ០០០ រៀល សម្រាប់ជនបរទេសម្នាក់ ដោយមិនទាន់គិតដល់ទោសព្រហ្មទណ្ឌដែលបានកំណត់ក្នុងច្បាប់ជាធរមានឡើយ៕


