ក្រុមស្រាវជ្រាវនៃអគ្គនាយកដ្ឋានជលផលនិងអង្គការ WCS បានរកឃើញសំបុកអណ្តើកហ្លួង ១ទីតាំង ដែលមានគ្រាប់ពងសរុប២៥គ្រាប់ នៅឆ្នេរខ្សាច់អន្លង់ត្រាំង នៃព្រែកកំពង់លើ ក្នុងប្រព័ន្ធព្រែកស្រែអំបិល។ នេះជាសំបុកទី៣ ដែលត្រូបានរកឃើញក្នុងឆ្នាំ២០២៦នេះ។
បច្ចុប្បន្ន ក្រុមការងារបានចល័តពងទាំងនោះទៅភ្ញាស់នៅទីតាំងដែលមានសុវត្ថិភាព ដើម្បីការពារនិងតាមដានការញាស់ ដោយធានាបាននូវអត្រាគង់វង្សខ្ពស់។
សូមបញ្ជាក់ថា ក្រុមការងារបានរកឃើញសំបុកអណ្តើកហ្លួង២ទីតាំងក្នុងឆ្នាំ២០២៤ ពុំមានរកឃើញក្នុងឆ្នាំ២០២៥ និងរកឃើញឡើងវិញ៣ទីតាំងនាដើមឆ្នាំ២០២៦នេះ។
សកម្មភាពទម្លាក់ពងអណ្តើកហ្លួងក្នុងជម្រកធម្មជាតិនេះ បានបញ្ជាក់អំពីសុខភាពល្អនៃអណ្តើកហ្លួង ជម្រក និងអេកូឡូស៊ីនៃប្រព័ន្ធព្រែកស្រែអំបិល ខេត្តកោះកុងនិងខេត្តព្រះសីហនុ។
អណ្តើកហ្លួងត្រូវបានចាត់ជាប្រភេទឧរង្គសត្វនិមិត្តរូប នៃព្រះរាជាណាចក្រកម្ពុជា។
អណ្តើកប្រភេទនេះក៏ត្រូវបានចាត់ជាប្រភេទជិតផុតពូជ ក្នុងបញ្ជីក្រហមនៃអង្គការ IUCN និងស្ថិតក្នុងឧបសម្ព័ន្ធ១ នៃអនុញ្ញាសាយតេសផងដែរ៕


